News

  • 22 Dec
  • 2022

«សាលារៀនខ្ញុំ គ្មានប្លាស្ទិក» ត្រូវបានសាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា ដាក់ចេញផែនការអនុវត្តនប្រចាំថ្ងៃ !

(ភ្នំពេញ)៖ សាលារៀនអន្តរជាតិទ្រូវិហ្សិនកម្ពុជា បានដាក់ចេញផែនការ «សាលារៀនខ្ញុំគ្មានប្លាស្ទិក» ទៅកាន់មាតាបិតា អ្នកអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ គណៈគ្រប់គ្រង និងបុគ្គលិក។

ការបដិសេធការប្រើប្រាស់ប្លាស្ទិកដូចជា ថង់យួរដៃ ដបទឹកបរិសុទ្ធជាដើមនោះ បានជួយធ្វើឲ្យបរិស្ថានស្អាត គ្មានការបំពុល ដោយសំរាមប្លាស្ទិក។ សំណល់បែបនេះ ត្រូវបានគេចាត់ទុកថា ជាការបំពុលដល់បរិស្ថាន ដោយសារតែវាត្រូវការពេលវេលាជាច្រើនរយឆ្នាំ ដើម្បីធ្វើការបំបែកធាតុ ឬរលួយនៅលើផែនដី។

អគ្គនាយកនៃសាលារៀនអន្តរជាតិទ្រូវិហ្សិនកម្ពុជា លោក សេង បូណា បានលើកឡើងថា «ការប្រើប្រាស់ផ្លាស្ទិក មានផលប៉ះពាល់ខ្លាំង ដល់បរិស្ថានរបស់យើង»

លោកបានលើកឡើងថា កាលពីមុន ប្លាស្ទិកមិនជាសម្បូរគ្រប់ទិសទីដូចបច្ចុប្បន្ននេះឡើយ។ ពលរដ្ឋយួរកន្ត្រកធ្វើពីឫស្សីទៅផ្សារ ដើម្បីទិញផ្លែឈើ និងបន្លែ ដែលអ្នកលក់ខ្ចប់ដោយស្លឹកឈូក ឬស្លឹកចេក ហើយការវេចខ្ចប់ចំណីអាហារ គឺប្រើប្រាស់ដោយចានស្រាក់ជាដើម។ បច្ចុប្បន្ន សម្ភារៈដែលងាយរលាយក្នុងដីទាំងនេះ ស្ទើរតែជំនួសទាំងស្រុងដោយថង់ប្លាស្ទិក ទុយោជ័រ កញ្ចប់ចំណីអាហារ និងដបជ័រជាដើម។ នេះជាផែនការជំរុញឲ្យសាលារៀន ចូលរួមអនុវត្តវិធានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងសាលារៀន និងសហគមន៍ឲ្យបានសកម្មជាយុទ្ធនាការនិយាយថា ទេចំពោះផលិតផលប្លាស្ទិក និងងាកមកប្រើប្រាស់ផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសវិញ។

លោកបន្តថា ដើម្បីផ្សព្វផ្សាយពីគោលគំនិតគ្មានប្លាស្ទិក នៅក្នុងសាលា យើងត្រូវចាត់វិធានការខ្លាំងក្លា ដើម្បីចាប់ផ្តើមជីវិតថ្មីប្រកបដោយសុខភាពល្អ ដោយការថែរក្សាបរិស្ថាន ទប់ស្កាត់ និងសន្សំការប្រើប្រាស់វត្ថុធាតុដើម លើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា និងសហគមន៍អំពីផលគ្រោះថ្នាក់ នៃការប្រើប្រាស់ប្លាស្ទិក។ បញ្ហាប្លាស្ទិកនឹងត្រូវបានដោះស្រាយ លុះត្រាតែមានការចូលរួមពីអ្នកទំាងអស់គ្នា។

ខាងក្រោមនេះជាវិធី ដែលមនុស្សគ្រប់រូបអាចចូលរួមកាត់បន្ថយប្លាស្ទិកជារៀងរាល់ថ្ងៃ៖

១៖ ប្រើប្រាស់ថង់បរិស្ថានតាមខ្លួន សម្រាប់ទិញទំនិញ ឬវេចខ្ទប់អាហារ
២៖ ការប្រើប្រាស់ដបទឹក/កែវខ្លួនឯង
៣៖ ប្រើប្រាស់បំពង់បឺត ឬប្រអប់ធ្វើពីក្រដាស ដែលអាចរលាយបានឆាប់
៤៖ វេចខ្ចប់អាហារ ដោយប្រើប្រាស់ប្រអប់ ឬចានស្រាក់ ឬសម្ភារៈមិនមែនប្លាស្ទិក
៥៖ ចៀសវាងទិញអាហារ ឬម្ហូបដែលវេចខ្ចប់ថង់ប្លាស្ទិកច្រើន
៦៖ ប្រាប់ទៅក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន និងមិត្តភក្តិ ឬក្រុមគ្រួសាររបស់អ្នកឱ្យដឹងថា អ្នកមិនចង់ប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីសុខភាព និងនិរន្តរភាពបរិស្ថាន។

សាលារៀនអន្តរជាតិ ទ្រូវីហ្សិនកម្ពុជា ផ្តល់ជូននូវការអប់រំចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ លើសពីនេះ ទ្រូ វីហ្សិន បានពង្រីកភាពជាដៃគូ នៅទូទាំងពិភពលោក រួមមាន នូវែលសេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយកាលពីពេលកន្លងទៅ សិស្សានុសិស្សក៏បានចូលរួមកម្មវិធីផ្លាស់ប្តូរកម្មសិក្សាជាមួយ សាលាជាដៃគូផង។
ព័ត៌មានបន្ថែម: http://truevisions.edu.kh/en-us/
Facebook Page: True VISIONS International School of Cambodia
ទំនាក់ទំនង: 012 303 188 or 017 361 669